សំណួរ
តើព្រះគម្ពីរពិតជាព្រះបន្ទូលរបស់ព្រះមែនឬ?
ចម្លើយ
ចម្លើយរបស់យើងសម្រាប់សំណួរនេះ មិនគ្រាន់តែអាស្រ័យទៅលើរបៀបដែលយើងយល់ឃើញពីព្រះគម្ពីរ ហើយថាវាសំខាន់ចំពោះជីវិតរបស់យើងទេ ប៉ុន្តែ វាក៏មានផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរបស់យើងរហូតអស់កល្បដែរ។ ប្រសិនបើ ព្រះគម្ពីរពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន ដូច្នេះ យើងត្រូវឱ្យតម្លៃចំពោះព្រះគម្ពីរ ហើយសិក្សាពីព្រះគម្ពីរ ស្តាប់បង្គាប់តាមព្រះគម្ពីរ ហើយត្រូវទុកចិត្តលើព្រះគម្ពីរយ៉ាងខ្លាំងបំផុត។ ប្រសិនបើ ព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន ដូច្នេះ ប្រសិនបើយើងបដិសេធព្រះគម្ពីរ យើងក៏បដិសេធព្រះជាម្ចាស់ដែរ។
ការពិតដែលព្រះជាម្ចាស់ប្រទានព្រះគម្ពីរដល់យើងគឺភស្តុតាងនិងការបង្ហាញពីសេចក្តីស្រឡាញ់របស់ទ្រង់ដល់យើង។ ពាក្យ «ការបើកសម្តែង» មានន័យថា ព្រះជាម្ចាស់បានប្រាស្រ័យទាក់ទងជាមួយមនុស្សប្រាប់ថាព្រះអង្គមានលក្ខណៈដូចម្តេច និងរបៀបដែលយើងអាចមានទំនាក់ទំនងល្អជាមួយព្រះអង្គ។ ទាំងនេះគឺជាអ្វីដែលយើងមិនអាចដឹង ប្រសិនបើព្រះជាម្ចាស់មិនបានបើកសម្តែងការទាំងនោះដល់យើងនៅក្នុងព្រះគម្ពីរ។ ទោះបីជាការបើកសម្តែងអង្គទ្រង់នៅក្នុងព្រះគម្ពីរ ដែលបានប្រទានមកយើងប្រហែលជា ១៥០០ឆ្នាំកន្លងមកហើយ វាបានរក្សាទុកគ្រប់យ៉ាងដែលមនុស្សត្រូវដឹងអំពីព្រះជាម្ចាស់ ដើម្បីពួកគេអាចមានទំនាក់ទំនងល្អជាមួយទ្រង់។ ប្រសិនបើ ព្រះគម្ពីរពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន ដូច្នេះ ព្រះគម្ពីរគឺជាសិទ្ធិអំណាចសម្រាប់រឿងរ៉ាងទាក់ទងនឹងជំនឿ ការអនុវត្តន៍សាសនា និងសីលធម៌ជាដើម។
សំណួរដែលយើងត្រូវសួរខ្លួនឯងគឺថា តើយើងអាចដឹងថា ព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមិនគ្រាន់តែជាសៀវភៅល្អមួយបានយ៉ាងដូចម្តេច? តើអ្វីទៅជាលក្ខណៈពិសេសរបស់ព្រះគម្ពីរ ដែលបានញែកដោយឡែកពីសៀវភៅរបស់សាសនាផ្សេងៗដែលបានសរសេរមក? តើមានភស្តុតាងអ្វីខ្លះដែលថាព្រះគម្ពីរពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់? នេះគឺជាប្រភេទនៃសំណួរដែលត្រូវមើល ប្រសិនបើយើងសិក្សាព្រះគម្ពីរយ៉ាងយកចិត្តទុកដាក់ថាព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលបានបណ្ដាលឱ្យតែង ហើយសំខាន់សម្រាប់ជំនឿ និងការអនុវត្តន៍គ្រប់យ៉ាង។
វាអាចនឹងមិនមានការសង្ស័យអំពីសេចក្តីពិតដែលថា ព្រះគម្ពីរបានអះអាងថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការនេះបានឃើញយ៉ាងច្បាស់នៅក្នុងការដែលលោកប៉ុលណែនាំទៅកាន់លោកធីម៉ូថេៈ «…តាំងពីក្មេងតូចមក អ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មាន ដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ ដែលបានដោយសារសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផង គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅតម្រង់ និងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សម្រាប់នឹងធ្វើការល្អគ្រប់មុខ» (២ ធីម៉ូថេ ៣:១៥-១៧)។
មានភស្តុតាងពីរទាំងខាងក្នុង ទាំងខាងក្រៅថាព្រះគម្ពីរពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ភស្តុតាងខាងក្នុងគឺជាអ្វីៗនៅក្នុងព្រះគម្ពីរដែលធ្វើបន្ទាល់ថា ព្រះគម្ពីរមកព្រះ។ ភស្តុតាងមួយដែលថា ព្រះគម្ពីរពិតជាព្រះបន្ទូលរបស់ព្រះគឺមានភាពឯកភាពរបស់វា។ ទោះបីជាមានកណ្ឌគម្ពីររហូតដល់៦៦កណ្ឌក្តី ហើយត្រូវបានសរសេរឡើងពីទ្វីបបីផ្សេងគ្នា ជាភាសាបីផ្សេងគ្នា ហើយចំណាយពេលប្រហែលជា១៥០០ឆ្នាំ ហើយមានអ្នកនិពន្ធ៤០នាក់ដែលចេញពីប្រភពផ្សេងគ្នាក្តី ព្រះគម្ពីរនៅតែជាសៀវភៅដែលឯកភាពគ្នា តាំងពីដើមរហូតដល់ទីបញ្ចប់ ដោយគ្មានការប្រឆាំងគ្នាឡើយ។ ភាពឯកភាពគ្នានេះគឺជាលក្ខណៈពិសេសពីសៀវភៅផ្សេងៗទៀត ហើយជាភស្តុតាង នៃការដែលកើតចេញពីព្រះបន្ទូលព្រះ ដែលព្រះជាម្ចាស់បានធ្វើការក្នុងមនុស្ស ដែលបណ្ដាលឱ្យពួកគេសរសេរចេញពីព្រះបន្ទូលរបស់ទ្រង់ផ្ទាល់។
ភស្តុតាងពីខាងក្នុងមួយទៀតដែលបញ្ជាក់ថា ព្រះគម្ពីរពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺឃើញនៅក្នុងសេចក្តីទំនាយដែល
នៅក្នុងបទគម្ពីរ។ ព្រះគម្ពីរបានផ្ទុកពីសេចក្តីទំនាយរាប់រយយ៉ាងលម្អិតទាក់ទងនឹងអនាគតនៃប្រជាជាតិផ្សេងៗ បូករួមទាំងអ៊ីស្រាអែល ទៅកាន់ទីក្រុងមួយចំនួន ទៅកាន់មនុស្សនាពេលអនាគត និងទាយពីការយាងមករបស់ព្រះមួយអង្គដែលនឹងធ្វើជាព្រះមេស្ស៊ី ជាព្រះសង្គ្រោះ មិនគ្រាន់តែអ៊ីស្រាអែល ប៉ុន្តែ ដល់អស់អ្នកដែលជឿលើទ្រង់។ មិនដូចជាទំនាយដែលនៅក្នុងសៀវភៅសាសនាផ្សេង ឬទាយដោយណុស្ត្រាដាមឡើយ។ទំនាយនៅក្នុងព្រះគម្ពីរគឺពិតជាលម្អិត ហើយមិនដែលប្រាសចាកពីសេចក្តីពិតឡើយ។ ទំនាយប្រហែលជាបីរយជាងទាក់ទងនឹងព្រះយេស៊ូវគ្រីស្ទនៅក្នុងគម្ពីរសញ្ញាចាស់។ មិនគ្រាន់តែទាយពីកន្លែងដែលព្រះអង្គប្រសូត និងគ្រួសារដែលទ្រង់ត្រូវប្រសូត ប៉ុន្តែ បានទាយទាក់ទងនឹងការសុគត ហើយទាយថាព្រះនឹងរស់ឡើងវិញនៅថ្ងៃទីបី។ ប្រហែលជាមិនសមហេតុផលក្នុងការពន្យល់ពីសេចក្តីទំនាយដែលបានសម្រេចនៅក្នុងព្រះគម្ពីរ ក្រៅពីកើតចេញមកពីព្រះ។ គ្មានសៀវភៅនៅក្នុងសាសនាផ្សេងណាទៀតដែលមានវិសាលភាព ឬប្រភេទនៃទំនាយដែលទាយទុកដូចនៅក្នុងព្រះគម្ពីរឡើយ។
ភស្តុតាងខាងក្នុងទីបីនៃព្រះគម្ពីរដែលកើតចេញពីព្រះគឺឃើញពី
សិទ្ធិអំណាច និងចេស្តា។ ទោះបីជាភស្តុតាងនេះមានរឿងរ៉ាវច្រើនជាងភស្តុតាងពីរដំបូងក្តី វាក៏ជាទីបន្ទាល់ដ៏មានអំណាចនៃព្រះគម្ពីរដែលកើតចេញពីព្រះដែរ។ ព្រះគម្ពីរមានសិទ្ធិអំណាចវិសេសមួយដែលមិនដូចជាសៀវភៅផ្សេងទៀតដែលបានសរសេរឡើងទេ។ សិទ្ធិអំណាច និងចេស្តានេះអាចឃើញនៅក្នុងជីវិតផ្លាស់ប្រែរាប់មិនអស់ដោយសារអំណាចអធិធម្មជាតិនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការញៀនថ្នាំបានទទួលការព្យាបាលដោយសារព្រះគម្ពីរ អ្នកស្រឡាញ់ភេទដូចគ្នាបានមានសេរីភាពដោយសារព្រះគម្ពីរ ហើយជនផ្ដាច់ការ និងមនុស្សខ្ជិលច្រអូសបានផ្លាស់ប្រែដោយសារព្រះគម្ពីរ មនុស្សមានបាបបានទទួលការដាស់តឿនដោយសារព្រះគម្ពីរ ហើយការស្អប់បានត្រឡប់ទៅជាស្រឡាញ់ដោយសារការអានព្រះគម្ពីរដែរ។ ព្រះគម្ពីរមានអំណាចដ៏មុតស្រួច និងអំណាចនៃការផ្លាស់ប្រែយ៉ាងខ្លាំង នេះគឺដោយសារព្រះគម្ពីរពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន។
ក៏មានភស្តុតាងពីខាងក្រៅដែលបញ្ជាក់ថា ព្រះគម្ពីរពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន។ ភស្តុតាងមួយនៃភស្តុតាងជាច្រើនគឺប្រវត្តិនៃព្រះគម្ពីរ។ ដោយព្រះគម្ពីរមានប្រព្រឹត្តការណ៍ប្រវត្តិសាស្រ្តយ៉ាងលម្អិត ដោយសារភាពត្រឹមត្រូវ និងភាពជាក់លាក់របស់វាត្រូវគ្នាជាមួយនឹងការផ្ទៀងផ្ទាត់នឹងឯកសារប្រវត្តិសាស្រ្តផ្សេងទៀត។ តាមរយៈភស្តុតាងទាំងផ្នែកបុរាណវិទ្យា និងការសរសេរផ្សេងទៀត កំណត់ហេតុប្រវត្តិសាស្ត្ររបស់ព្រះគម្ពីរបានបង្ហាញពីពេលវេលាមួយទៅពេលវេលាមួយទៀតយ៉ាងច្បាស់លាស់ និងពិតប្រាកដ។ តាមពិត អ្នកបុរាណវិទ្យា និងឯកសារបុរាណទាំងអស់ ជាភស្តុតាងគាំទ្រព្រះគម្ពីរ ធ្វើឱ្យព្រះគម្ពីរក្លាយជាសៀវភៅឯកសារដ៏ល្អបំផុតពីចាស់បុរាណ។ ការពិតនោះគឺថា ព្រះគម្ពីរត្រូវបានកត់ត្រាប្រវត្តិសាស្រ្តដែលផ្ទៀងផ្ទាត់ជាមួយនឹងព្រឹត្តការណ៍យ៉ាងច្បាស់លាស់ និងគួរជាទីទុកចិត្តបាននោះគឺជាការបង្ហាញនៃភាពទុកចិត្ត ពេលនិយាយជាមួយនឹងរឿងរ៉ាវសាសនា និងគោលលទ្ធិ ព្រមទាំងជួយគាំទ្រព្រះគម្ពីរថែមទៀតផងថា ព្រះគម្ពីរពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន។
ភស្តុតាងពីខាងក្រៅមួយទៀតគឺថា ព្រះគម្ពីរពិតជាព្រះបន្ទូល
របស់ព្រះជាម្ចាស់មែនគឺដោយសារភាពស្មោះត្រង់របស់មនុស្សដែលជាអ្នកនិពន្ធ។ ដូចដែលបានរៀបរាប់កាលពីមុនហើយថា ព្រះជាម្ចាស់បានប្រើមនុស្សពីគ្រប់មជ្ឈដ្ឋានដើម្បីកត់ត្រាព្រះបន្ទូលរបស់ទ្រង់មកកាន់យើង។ តាមរយៈការសិក្សាពីជីវិតរបស់អ្នកទាំងនោះ មិនមានហេតុផលល្អណាមួយដែលជឿថាពួកគេគ្មានភាពស្មោះត្រង់ ឬក្លែងបន្លំឡើយ។ តាមរយៈការសិក្សាពីជីវិតរបស់ពួកគេ ហើយការពិតដែលពួកគេព្រមស្លាប់ ហើយជាញឹកញាប់ពួកគេត្រូវបានសម្លាប់ដោយព្រោះអ្វីដែលពួកគេជឿ វាបានបង្ហាញយ៉ាងច្បាស់ថា មនុស្សធម្មតា ហើយស្មោះត្រង់ទាំងនេះពិតជាបានជឿថាព្រះជាម្ចាស់បានមានបន្ទូលមកពួកគេ។ ហើយអ្នកដែលសរសេរនៅក្នុងគម្ពីរសញ្ញាថ្មី និងអ្នកជឿរាប់រយនាក់ផ្សេងទៀតនៅក្នុង (១ កូរិនថូស ១៥:៦) បានស្គាល់សេចក្តីពិតនៃសាររបស់ពួកគេ ពីព្រោះពួកគេបានឃើញ បានចំណាយពេលជាមួយព្រះយេស៊ូវគ្រីស្ទ បន្ទាប់ពីព្រះអង្គបានរស់ពីស្លាប់ឡើងវិញ។ ការបំផ្លាស់បំប្រែនៃការឃើញការរស់ឡើងវិញរបស់ព្រះយេស៊ូវមានឥទ្ធិពលយ៉ាងខ្លាំងមកលើពួកគេ។ ពួកគេបានចេញពីកន្លែងលាក់ខ្លួនដោយសារការភ័យខ្លាច ហើយព្រមស្លាប់សម្រាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលបានបើកសម្តែងដល់ពួកគេ។ ការស់នៅ ឬស្លាប់របស់ពួកគេធ្វើបន្ទាល់ពីសេចក្តីពិតដែលថាព្រះគម្ពីរពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន។
ភស្តុតាងពីខាងក្រៅចុងក្រោយដែលថាព្រះគម្ពីរពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែនគឺភាពមិនអាចបំបែកបានរបស់ព្រះគម្ពីរ។ ដោយសារភាពសំខាន់របស់ព្រះគម្ពីរ និងការអះអាងថាព្រះគម្ពីរពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះគម្ពីរបានទទួលរងការវាយប្រហារយ៉ាងខ្លាំង ហើយដើម្បីបំផ្លាញព្រះគម្ពីរនេះ លើសជាងសៀវភៅណាៗទាំងអស់នៅក្នុងប្រវត្តិសាស្រ្ត។ ចាប់តាំងពីអធិរាជរ៉ូមមក ដូចជា ឌីអូខ្លេធាន មេដឹកនាំកុម្មុយនិស្តផ្តាច់ការ និងរហូតមកដល់សព្វថ្ងៃ ពួកអ្នកដែលជឿថាគ្មានព្រះ និងពួកអ្នកមិនជឿសាសនា ព្រះគម្ពីរទ្រាំទ្រ និងបានរួចផុតពីពួកអ្នកវាយប្រហារ ហើយព្រះគម្ពីរនូវតែបានទទួលការបោះពុម្ពផ្សាយយ៉ាងច្រើនបំផុតនៅក្នុងពិភពលោកសព្វថ្ងៃនេះដែរ។
គ្រប់សម័យកាល ពួកមិនជឿបានរាប់ព្រះគម្ពីរដូចរឿងព្រេងបុរាណ ប៉ុន្តែ អ្នកបុរាណវិទ្យាបានពន្យល់វាថាជាប្រវត្តិសាស្រ្ត។ ពួកអ្នកប្រឆាំងបានវាយប្រហារសេចក្តីបង្រៀនរបស់ព្រះគម្ពីរថាចាស់គំរឹល និងហួសសម័យ ប៉ុន្តែរឿងសីលធម៌ និងច្បាប់ និងសេចក្តីបង្រៀនរបស់ព្រះគម្ពីរមានផលវិជ្ជមាននៅលើសង្គម និងវប្បធម៌ពេញពិភពលោកទាំងមូល។ អ្នកវិទ្យាសាស្រ្ត អ្នកចិត្តវិទ្យា និងអ្នកនយោបាយក៏នៅតែវាយប្រហារព្រះគម្ពីរដែរ ប៉ុន្តែ ព្រះគម្ពីរនៅតែពិតត្រង់ និងមានប្រយោជន៍ដល់សព្វថ្ងៃ ដូចពីមុន គឺដូចកាលពីសរសេរលើដំបូងដែរ។ ព្រះគម្ពីរជាសៀវភៅដែលបំផ្លាស់បំប្រែជីវិត និងវប្បធម៌រាប់មិនអស់នៅក្នុងរយៈពេលជាង២០០០ឆ្នាំនេះ។ មិនថាពួកប្រឆាំងវាយប្រហារ បំផ្លាញ ឬនិយាយបង្ខូចព្រះគម្ពីរយ៉ាងណាទេ ព្រះគម្ពីរនៅតែខ្លាំង នៅតែពិតត្រង់ នៅតែមានប្រយោជន៍បន្ទាប់ពីត្រូវបានវាយប្រហារដូចពីមុនដែរ។ ទោះបីជាមានការប៉ុនប៉ងចង់ធ្វើឱ្យខូច វាយលុក ឬបំផ្លាញព្រះគម្ពីរយ៉ាងណាក្តីភាពត្រឹមត្រូវបានការពារ មានទីបន្ទាល់ច្បាស់ចំពោះការពិត ដែលព្រះគម្ពីរគឺពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងថាទ្រង់បានការពារដោយអធិធម្មជាតិ។ វាគ្មានអ្វីភ្ញាក់ផ្អើលដល់យើងទេ មិនថាគេវាយប្រហារព្រះគម្ពីរយ៉ាងណាក្តី ព្រះគម្ពីរមិនដែលផ្លាស់ប្រែ និងមិនអាចប៉ះពាល់បាន។ លើសពីនោះ ព្រះយេស៊ូវមានបន្ទូលថា៖ «ផ្ទៃមេឃ ហើយផែនដីនឹងកន្លងបាត់ទៅ តែពាក្យខ្ញុំ នឹងមិនដែលកន្លងបាត់ឡើយ» (ម៉ាកុស ១៣:៣១) បន្ទាប់ពីបានឃើញភស្តុតាងហើយ គេនឹងនិយាយ គ្មានការសង្ស័យឡើយ ថា ពិតណាស់ ព្រះគម្ពីរពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន។
English
តើព្រះគម្ពីរពិតជាព្រះបន្ទូលរបស់ព្រះមែនឬ?