settings icon
share icon
សំណួរ

តើជាអ្វីទៅគ្រីស្ទបរិស័ទ ហើយតើគ្រីស្ទបរិស័ទជឿលើអ្វី?

ចម្លើយ


១ កូរិនថូស ១៥:១-៤ ចែងថា៖ «បងប្អូនអើយ ខ្ញុំចង់ប្រាប់ឲ្យអ្នករាល់គ្នាដឹងពីដំណឹងល្អ ដែលខ្ញុំបានផ្សាយរួចមកហើយ ជាដំណឹងដែលអ្នករាល់គ្នាបានទទួល ក៏ឈរជាប់ក្នុងនោះផង អ្នករាល់គ្នាកំពុងតែបានសង្គ្រោះ ដោយ‌សារដំណឹងល្អនោះផង គឺបើសិនជាកាន់ខ្ជាប់តាមព្រះ‌បន្ទូល ដែលខ្ញុំបានថ្លែង ប្រាប់មក លើកតែអ្នករាល់គ្នាបានជឿ ដោយឥតបើគិត ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្ដីដែលខ្ញុំបានទទួលដែរ គឺថាព្រះ‌គ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ ហើយថា ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មានព្រះ‌ជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ»។

នៅក្នុងការសង្ខេប នោះគឺជាជំនឿដ៏សំខាន់របស់គ្រីស្ទបរិស័ទ។ ពិសេសក្នុងចំណោមជំនឿផ្សេងៗទៀត ភាគច្រើនគ្រីស្ទបរិស័ទសង្កត់ទៅលើទំនាក់ទំនងជាជាងការអនុវត្តន៍តាមសាសនា។ ជំនួសឱ្យការប្រកាន់ខ្ជាប់តាមបញ្ជីនៃការ «ធ្វើ ឬមិនធ្វើ» គោលដៅរបស់គ្រីស្ទបរិស័ទគឺបណ្តុះបណ្ដាលឱ្យបានដើរជិតស្និទ្ធជាមួយព្រះជាម្ចាស់ដ៏ជាព្រះវរបិតា។ ទំនាក់ទំនងនោះគឺអាចកើតឡើងបានដោយសារកិច្ចការរបស់ព្រះយេស៊ូវគ្រីស្ទ និងព័ន្ធកិច្ចនៅក្នុងជីវិតរបស់គ្រីស្ទបរិស័ទតាមរយៈព្រះវិញ្ញាណបរិសុទ្ធ។

គ្រីស្ទបរិស័ទជឿថា ព្រះជាម្ចាស់ជាអ្នកបណ្ដាលឱ្យសរសេរព្រះគម្ពីរឡើង ព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្មានកំហុសឡើយ។ ហើយជឿថាសេចក្តីបង្រៀននៅក្នុងព្រះគម្ពីរប្រកបដោយ សិទ្ធិអំណាច (២ ធីម៉ូថេ ៣:១៦; ២ ពេត្រុស ១:២០-២១)។ គ្រីស្ទបរិស័ទជឿលើព្រះតែមួយ ដែលមានបីអង្គគឺ ព្រះវរបិតា ព្រះបុត្រា (ព្រះយេស៊ូវគ្រីស្ទ) និងព្រះវិញ្ញាណបរិសុទ្ធ។

គ្រីស្ទបរិស័ទជឿថា ព្រះជាម្ចាស់បានបង្កើតមនុស្សមក ជាពិសេសដើម្បីមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ ប៉ុន្តែ អំពើបាបបានញែកមនុស្សគ្រប់គ្នាចេញពីព្រះជាម្ចាស់ (រ៉ូម ៣:២៣; ៥:១២)។ គ្រីស្ទបរិស័ទបង្រៀនថា ព្រះយេស៊ូវគ្រីស្ទបានរស់នៅលើផែដី ព្រះអង្គជាព្រះហើយជាមនុស្សពេញលេញ (ភីលីព ២:៦-១១) ហើយបានសុគតលើឈើឆ្កាង។ គ្រីស្ទបរិស័ទជឿថា បន្ទាប់ពីទ្រង់សុគតលើឈើឆ្កាង ព្រះគ្រីស្ទត្រូវបានបញ្ចុះក្នុងផ្នូរ ហើយព្រះអង្គរស់ឡើងវិញ ហើយឥឡូវនេះ ព្រះអង្គគង់នៅខាងស្តាំរបស់ព្រះវរបិតា ដើម្បីទូលអង្វរសម្រាប់អ្នកជឿរហូតទៅ (ហេព្រើរ ៧:២៥)។ គ្រីស្ទបរិស័ទប្រកាសពីការសុគតនៅលើឈើឆ្កាងរបស់ព្រះយេស៊ូវ ដើម្បីបង់ថ្លៃលោះបាបសម្រាប់មនុស្សគ្រប់គ្នា ហើយនេះគឺជាអ្វីដែលអាចស្តារទំនាក់ទំនងដែលបាក់បែកជាមួយព្រះជាម្ចាស់ និងមនុស្សឡើងវិញ (ហេព្រើរ ៩:១១-១៤; ១០:១០; រ៉ូម ៥:៨; ៦:២៣)។

ដើម្បីឱ្យបានសង្គ្រោះ មនុស្សត្រូវដាក់ជំនឿរបស់ខ្លួនទាំងស្រុង នៅលើកិច្ចការដែលព្រះគ្រីស្ទដែលបានធ្វើនៅលើឈើឆ្កាងរួចហើយ។ ប្រសិនបើ នរណាម្នាក់ជឿថា ព្រះគ្រីស្ទសុគតជំនួសខ្លួនគេ ហើយបង់ថ្លៃលោះបាបរបស់គេ ហើយជឿថាព្រះអង្គ រស់ពីស្លាប់ឡើងវិញ នោះគេនឹងបានសង្គ្រោះ។ គ្មាននរណាម្នាក់អាចធ្វើការល្អដើម្បីឱ្យបានសង្គ្រោះបានទេ។ គ្មាននរណាម្នាក់ «ល្អគ្រប់គ្រាន់» ដើម្បីឱ្យព្រះជាម្ចាស់គាប់ព្រះហឫទ័យមកលើខ្លួនគាត់ ឬខ្លួននាងឡើយ ដោយសារយើងគ្រប់គ្នាជាមនុស្សមានបាប (អេសាយ ៥:៣៦; ៦៤:៦-៧)។ ទីពីរ គ្មានអ្វីដែលចាំបាច់ត្រូវធ្វើទៀតទេ ពីព្រោះព្រះគ្រីស្ទបានធ្វើកិច្ចការសព្វគ្រប់អស់ហើយ! នៅពេលព្រះអង្គនៅលើឈើឆ្កាង ព្រះយេស៊ូវមានបន្ទូលថា៖ «ការស្រេចហើយ» (យ៉ូហាន ១៩:៣០)។

ដូច្នេះ គ្មាននរណាម្នាក់អាចធ្វើអ្វីមួយ ដើម្បីឱ្យបានសេចក្តីសង្គ្រោះនោះទេ នៅពេលនរណាម្នាក់ដាក់ជំនឿរបស់ខ្លួននៅលើកិច្ចការរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាង ក៏គ្មាននរណាម្នាក់អាចបាត់សេចក្តីសង្គ្រោះរបស់គេដែរ ពីព្រោះកិច្ចការបានធ្វើរួចស្រេច និងបញ្ចប់ទាំងស្រុងដោយសារព្រះគ្រីស្ទហើយ! សេចក្តីសង្គ្រោះមិនអាស្រ័យលើអ្នកដែលទទួលវាទេ។ យ៉ូហាន ១០:២៧-២៩ ថ្លែងថា៖ «ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ ខ្ញុំឲ្យជីវិតអស់កល្ប‌ជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ ព្រះ‌វរ‌បិតានៃខ្ញុំ ដែលប្រទានវាមកខ្ញុំ ទ្រង់ធំលើសជាងទាំងអស់ គ្មានអ្នកណាអាចនឹងឆក់វាចេញពីព្រះ‌ហស្តរបស់ព្រះ‌វរ‌បិតាខ្ញុំបានឡើយ»។

អ្នកខ្លះអាចគិតថា «ខ្ញុំអស្ចារ្យ ព្រោះខ្ញុំបានសង្គ្រោះហើយ ខ្ញុំអាចធ្វើអ្វីតាមតែចិត្តខ្ញុំ ហើយខ្ញុំមិនបាត់សេចក្តីសង្គ្រោះរបស់ខ្ញុំទេ!» ប៉ុន្តែ សេចក្តីសង្គ្រោះមិនមែនបានមកដោយឥតបង់ថ្លៃ ដើម្បីធ្វើបានតែចិត្តឯងនោះទេ។ សេចក្តីសង្គ្រោះបានមកដោយឥតបង់ថ្លៃមិនមែនទៅបម្រើនិស្ស័យនៃអំពើបាបទេ ហើយបានមកដោយឥតបង់ថ្លៃ ដើម្បីមានទំនាក់ទំនងត្រឹមត្រូវជាមួយព្រះជាម្ចាស់វិញ។ ពីមុនយើងជាបាវបម្រើរបស់បាប តែឥឡូវ យើងជាបាវបម្រើរបស់ព្រះគ្រីស្ទវិញ (រ៉ូម ៦:១៥-២២)។ ដរាបណាអ្នកជឿរស់នៅលើផែនដីនេះ ក្នុងនិស្ស័យជាមនុស្សមានបាបក្នុងរូបកាយនេះ នឹងមានបញ្ហាជាមួយនឹងបាបជានិច្ច។ ប៉ុន្តែ គ្រីស្ទបរិស័ទអាចយកឈ្នះបញ្ហានៃអំពើបាបនេះដោយការសិក្សា និងអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ព្រះគម្ពីរ) នៅក្នុងជីវិតរបស់ពួកគេ ហើយមានព្រះវិញ្ញាណបរិសុទ្ធគ្រប់គ្រងជីវិតរបស់គេ នោះគឺការចុះចូលទៅនឹងឥទ្ធិពល និងការដឹកនាំរបស់ព្រះវិញ្ញាណនៅក្នុងគ្រប់ស្ថានភាពរៀងរាល់ថ្ងៃ និងចុះចូលក្រោមអំណាចរបស់ព្រះវិញ្ញណ គឺស្តាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។

ដូច្នេះ ខណៈពេលដែលប្រព័ន្ធសាសនាជាច្រើនតម្រូវឱ្យ មនុស្សម្នាក់ត្រូវធ្វើកិច្ចការមួយចំនួន ឬមិនត្រូវធ្វើកិច្ចការមួយចំនួន គ្រីស្ទបរិស័ទគឺនិយាយអំពីការជឿលើការសុគតរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាង ដើម្បីបង់ថ្លៃបាបរបស់ខ្លួន ហើយព្រះអង្គបានរស់ឡើងវិញ។ ឈ្នួលរបស់បាបបានបង់ថ្លៃ ហើយអ្នកអាចមានទំនាក់ទំនងជាមួយព្រះជាម្ចាស់វិញបាន។ អ្នកអាចយកឈ្នះលើនិស្ស័យបាបរបស់អ្នក ហើយរស់ក្នុងទំនាក់ទំនង និងការស្តាប់បង្គាប់ដល់ព្រះជាម្ចាស់។ នោះគឺជាគ្រីស្ទបរិស័ទពិតប្រាកដស្របតាមព្រះគម្ពីរ។

English



ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។

តើជាអ្វីទៅគ្រីស្ទបរិស័ទ ហើយតើគ្រីស្ទបរិស័ទជឿលើអ្វី?
Facebook icon Twitter icon Pinterest icon Email icon
© Copyright Got Questions Ministries