សំណួរ
តើព្រះវិញ្ញាណបរិសុទ្ធជានរណា?
ចម្លើយ
មានការយល់ច្រឡំជាច្រើនទាក់ទងនឹងអត្តសញ្ញាណរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ទស្សនៈខ្លះអំពីព្រះវិញ្ញាណបរិសុទ្ធដូចជាកម្លាំងអាថ៌កំបាំង។ អ្នកខ្លះទៀតយល់ថា ព្រះវិញ្ញាណបរិសុទ្ធគឺជាអំណាចមិនមែនបុគ្គល ដែលព្រះជាម្ចាស់មានសម្រាប់អ្នកដើរតាមព្រះគ្រីស្ទគ្រប់គ្នា។ តើព្រះគម្ពីរចែងអ្វីខ្លះ អំពីអត្តសញ្ញាណរបស់ព្រះវិញ្ញាណបរិសុទ្ធ? និយាយដោយសាមញ្ញ ព្រះគម្ពីរប្រកាសថា ព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះ។ ព្រះគម្ពីរក៏បានប្រាប់យើងថែមទៀតថា ព្រះវិញ្ញាណបរិសុទ្ធជាបុគ្គលនៃព្រះ រស់នៅដោយមានគំនិត អារម្មណ៍ និងបំណងចិត្ត។
ការពិតដែលព្រះវិញ្ញាណបរិសុទ្ធជាព្រះគឺបានឃើញយ៉ាងច្បាស់នៅក្នុងបទគម្ពីរជាច្រើន បូករួមទាំងនៅក្នុងកណ្ឌកិច្ចការ ៥:៣-៤។ នៅក្នុងខនេះ លោកពេត្រុសបានប្រឈមមុខជាមួយលោកអាន៉្នានាស ថាហេតុអ្វីបានជាគាត់កុហកព្រះវិញ្ញាណបរិសុទ្ធ ហើយប្រាប់លោកថា គាត់មិនមែន « កុហកដល់មនុស្សទេ គឺឈ្មោះថាកុហកដល់ព្រះវិញ»។ នេះគឺជាការប្រកាសយ៉ាងច្បាស់ថា ការកុហកព្រះវិញ្ញាណបរិសុទ្ធគឺជាការកុហកព្រះជាម្ចាស់។ យើងក៏អាចដឹងផងដែរថា ព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះជាម្ចាស់ ព្រោះព្រះអង្គមានចរិតលក្ខណៈរបស់ព្រះ។ ឧទាហរណ៍ ភាពសព្វវត្ដមានរបស់ទ្រង់ត្រូវបានឃើញនៅក្នុងទំនុកតម្កើង ១៣៩:៧-៨ «តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់ តើនឹងរត់ទៅឯណា ឲ្យរួចពីព្រះភ័ក្ត្រទ្រង់ ទោះបើទូលបង្គំនឹងឡើងទៅឯស្ថានសួគ៌ ក៏មានទ្រង់សណ្ឋិតនៅទីនោះ ទោះបើទូលបង្គំនឹងរៀបដំណេកនៅស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះក៏ឃើញមានទ្រង់សណ្ឋិតនៅដែរ»។ បន្ទាប់មកនៅក្នុង ១ កូរិនថូស ២:១០-១១ យើងបានឃើញ ពីចរិតលក្ខណៈនៃភាពសព្វញ្ញុតញាណនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ។ «ព្រះទ្រង់បានសម្ដែង ឲ្យយើងរាល់គ្នាឃើញសេចក្ដីទាំងនោះ ដោយសារព្រះវិញ្ញាណទ្រង់ ដ្បិតព្រះវិញ្ញាណនៃទ្រង់ស្ទង់មើលគ្រប់ទាំងអស់ ព្រមទាំងសេចក្ដីជ្រាលជ្រៅនៃព្រះដែរ ដ្បិតបើមិនមែនជាវិញ្ញាណ ដែលនៅក្នុងខ្លួនមនុស្សទេ នោះតើមានអ្វីនឹងស្គាល់សណ្ឋានមនុស្សនោះបាន ហើយបើមិនមែនជាព្រះវិញ្ញាណនៃព្រះ នោះក៏គ្មានអ្នកណាស្គាល់សណ្ឋានព្រះបានដែរ»។
យើងអាចដឹងថា ព្រះវិញ្ញាណពិតជាព្រះ ព្រោះព្រះអង្គមាន គំនិត អារម្មណ៍ និងបំណងចិត្ត។ ព្រះវិញ្ញាណគិត ហើយជ្រាប (១ កូរិនថូស ២:១០)។ ព្រះវិញ្ញណបរិសុទ្ធចេះព្រួយព្រះហឫទ័យ (អេភេសូរ ៤:៣០)។ ព្រះវិញ្ញាណទូលអង្វរជំនួសយើង (រ៉ូម ៨:២៦-២៧)។ ព្រះអង្គសម្រេចព្រះទ័យស្របតាមព្រះហឫទ័យទ្រង់ (១ កូរិនថូស ១២:៧-១១)។ ព្រះវិញ្ញាណបរិសុទ្ធជាព្រះ ជាបុគ្គលទីបីនៅក្នុងព្រះត្រៃឯក។ ជាព្រះ ជាព្រះវិញ្ញាណបរិសុទ្ធ មានតួនាទីជាព្រះដែលលួងលោមចិត្ត និងជាអ្នកប្រឹក្សា ដែលព្រះយេស៊ូវបានសន្យា (យ៉ូហាន ១៤:១៦; ២៦, ១៥:២៦)។
English
តើព្រះវិញ្ញាណបរិសុទ្ធជានរណា?