សំណួរ
តើភាពជាមនុស្សដែលបានកើតជាថ្មីមានន័យយ៉ាងដូចម្តេច?
ចម្លើយ
ចម្លើយដែលល្អបំផុតដែលចេញពីបទគម្ពីរដើម្បីឆ្លើយនឹងសំណួរនេះគឺនៅក្នុងយ៉ូហាន ៣:១-២១។ ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានមានបន្ទូលទៅកាន់លោកនីកូដេម ជាម្នាក់ដែល មានកេរ្តិ៍ឈ្មោះក្នុងពួកផារីស៊ី និងជាសមាជិកនៃក្រុមប្រឹក្សាជាន់ខ្ពស់របស់យូដា (ជាអ្នកដឹកនាំសាសន៍យូដា)។ លោកនីកូដេមបានមកឯព្រះយេស៊ូវនៅពេលយប់ ដើម្បីសួរសំណួរមួយចំនួន។
«ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតជាថ្មី នោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ លោកនីកូដេមទូលសួរថា ធ្វើដូចម្តេចនឹងកើតឡើងបាន ក្នុងកាលដែលចាស់ហើយ តើអាចនឹង
ចូលទៅក្នុងពោះម្តាយម្តងទៀត ហើយកើតឡើងវិញបានឬ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ របស់អ្វីដែលកើតពីសាច់ នោះជាសាច់ទេ ហើយដែលកើតពីព្រះវិញ្ញាណ នោះជាវិញ្ញាណវិញ កុំឲ្យឆ្ងល់ ពីពាក្យដែលខ្ញុំប្រាប់ថា ត្រូវតែកើតជាថ្មីនោះឡើយ» (យ៉ូហាន ៣:៣-៧)។
ឃ្លា «កើតជាថ្មី» ក្នុងន័យត្រង់មានន័យថា «កើតពីស្ថានលើ»។ លោកនីកូដេមមានសេចក្តីត្រូវការចាំបាច់។ លោកត្រូវតែផ្លាស់ប្តូរចិត្តរបស់លោក ផ្លាស់ប្រែខាងវិញ្ញាណ។ ការកើតជាថ្មី ការបានកើតជាថ្មីគឺជាកិច្ចការរបស់ព្រះដែលបានដាក់ជីវិតអស់កល្បជានិច្ចចូលទៅក្នុងអ្នកដែលជឿ (២ កូរិនថូស ៥:១៧; ទីតុស ៣:៥; ១ ពេត្រុស ១:៣; ១ យ៉ូហាន ២:២៩; ៣:៩; ៤:៧; ៥:១-៤, ១៨)។ យ៉ូហាន ១:១២, ១៣
បញ្ជាក់ថា «ការកើតជាថ្មី» គឺចង់និយាយពី «ការត្រឡប់
ទៅជាកូនព្រះ» តាមរយៈការទុកចិត្តលើព្រះនាមរបស់
ព្រះយេស៊ូវគ្រីស្ទ។
សំណួរដែលសមហេតុផលបានសួរថា «ហេតុអ្វីបានជាមនុស្សចាំបាច់ត្រូវកើតជាថ្មី?» នៅក្នុង អេភេសូរ ២:១ សាវកប៉ុលមានប្រសាសន៍ថា៖ «ពីដើម អ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលងហើយក្នុងអំពើបាបដែរ»។ លោកបានសរសេរសំបុត្រទៅកាន់ក្រុងរ៉ូមថា «ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ» (រ៉ូម ៣:២៣)។ មនុស្សមានបាបគឺ «ស្លាប់» ខាងវិញ្ញាណ។ នៅពេលពួកគេបានទទួលជីវិតខាងវិញ្ញាណតាមរយៈជំនឿនៅលើព្រះគ្រីស្ទ ព្រះគម្ពីរធៀបវាទៅនឹងការកើតជាថ្មី។ សម្រាប់តែអ្នកដែលបានកើតជាថ្មីទេ ដែលបានទទួលការអត់ទោសបាប ហើយមានទំនាក់ទំនងជាមួយព្រះវិញ។
តើការនេះអាចកើតឡើងបានយ៉ាងដូចម្តេច? អេភេសូរ ២:៨-៩ «ដ្បិតដោយសារព្រះគុណ អ្នករាល់គ្នាបានសង្គ្រោះតាមរយៈជំនឿ ហើយសេចក្តីនេះមិនមែនមកពីអ្នករាល់គ្នាទេ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ដើម្បីកុំឲ្យអ្នកណាម្នាក់អួតខ្លួន»។ នៅពេលនរណាម្នាក់បានសង្គ្រោះ វិញ្ញាណគេបានកែជាថ្មី ហើយបានក្លាយជាកូនរបស់ព្រះ ដោយសារសិទ្ធិនៃការកើតជាថ្មីនោះ។ ការទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ ជាព្រះដែលបានបង់ថ្លៃទោសនៃអំពើបាប នៅពេលព្រះអង្គបានសុគតលើឈើឆ្កាង នេះគឺជាអត្ថន័យនៃ «ការកើតជាថ្មី»។ «បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្ដីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ»
(២ កូនរិនថូស ៥:១៧)។
ប្រសិនបើ អ្នកមិនបានទុកចិត្តនៅលើព្រះអម្ចាស់យេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់អ្នកនៅឡើយទេ តើអ្នកព្រមទទួលការបំផុសគំនិតរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅពេលដែលព្រះអង្គមានបន្ទូលមកកាន់ដួងចិត្តរបស់អ្នកដែរឬទេ? អ្នកត្រូវតែកើតជាថ្មី។ តើអ្នកព្រមអធិស្ឋាន នូវលំនាំនៃការអធិស្ឋានពីការប្រែចិត្ត ហើយបានកើតជាថ្មីនៅក្នុងព្រះគ្រីស្ទនៅថ្ងៃនេះដែរឬទេ? «ប៉ុន្តែ អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ គឺជាកូនដែលមិនមែនកើតមកពីឈាម ឬតាមប្រាថ្នាខាងរូបសាច់ ឬតាមចំណង់នៃមនុស្សឡើយ គឺកើតមកអំពីព្រះវិញ» (យ៉ូហាន ១:១២-១៣)។
ប្រសិនបើ អ្នកចង់ទទួលព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់អ្នក ហើយបានកើតជាថ្មី នេះជាគំរូនៃសេចក្តីអធិស្ឋាន។ ចូរចាំថា នៅពេលអ្នកអធិស្ឋានបែបនេះ ឬ អធិស្ឋានតាមរបៀបផ្សេងទៀត មិនអាចជួយសង្គ្រោះអ្នកបានទេ។ មានតែទុកចិត្តលើព្រះគ្រីស្ទទេ ទើបអាចសង្គ្រោះអ្នកពីបាបបាន។ សេចក្តីអធិស្ឋាននេះគឺគ្រាន់តែ បង្ហាញពីជំនឿរបស់អ្នកចំពោះព្រះ និងអរគុណព្រះអង្គដែលបានប្រទានសេចក្តី សង្គ្រោះដល់អ្នកប៉ុណ្ណោះ។ «ព្រះអង្គអើយ ទូលបង្គំដឹងថា ទូលបង្គំបានធ្វើបាបទាស់នឹងព្រះអង្គ ហើយទូលបង្គំសមនឹងទទួលទោស។ ប៉ុន្តែ ព្រះយេស៊ូវគ្រីស្ទបានទទួលទោសដែលទូលបង្គំសមនឹងទទួល ដើម្បីឱ្យដោយសារជំនឿនៅលើព្រះអង្គ ទូលបង្គំបានទទួលការអត់ទោស។ ទូលបង្គំដាក់ជំនឿលើសេចក្តីសង្គ្រោះរបស់ព្រះអង្គ។ អរគុណព្រះអង្គសម្រាប់ព្រះគុណ និងការអត់ទោសដ៏អស្ចារ្យរបស់ព្រះអង្គ គឺជីវិតអស់កល្បជានិច្ច! អាមែន!»
English
តើភាពជាមនុស្សដែលបានកើតជាថ្មីមានន័យយ៉ាងដូចម្តេច?