សំណួរ
តើព្រះយេស៊ូវគង់នៅឯណាក្នុងអំឡុងពេលបីថ្ងៃនៃការសុគតនិងរស់ឡើងវិញរបស់ព្រះអង្គ?
ចម្លើយ
បទគម្ពីរគន្លឹះមួយនៅក្នុងការពិភាក្សាថា តើព្រះយេស៊ូវគង់នៅឯណាក្នុងអំឡុងពេលបីថ្ងៃនៃការសុគត និងការរស់ឡើងវិញរបស់ព្រះអង្គគឺនៅក្នុង ១ ពេត្រុស ៣:១៨-១៩ ដែលចែងថា៖ «ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ ដោយទ្រង់ត្រូវគេធ្វើគុតខាងសាច់ឈាម តែបានវិញ្ញាណប្រោសឲ្យរស់វិញ ហើយដោយនូវព្រះវិញ្ញាណនោះឯង ទ្រង់បានយាងទៅប្រដៅដល់ពួកវិញ្ញាណដែលជាប់ឃុំ ជាពួកអ្នកដែលពីដើមមិនព្រមជឿ»។ ពាក្យ ព្រះវិញ្ញាណ សំដៅលើវិញ្ញាណរបស់ព្រះគ្រីស្ទ មិនមែនរូបកាយរបស់ព្រះគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធទេ។ រូបកាយរបស់ព្រះគ្រីស្ទបានសុគត ប៉ុន្តែ វិញ្ញាណរបស់ព្រះអង្គនៅរស់។ រូបកាយរបស់ព្រះយេស៊ូវស្ថិតនៅក្នុងផ្នូរ ពិតណាស់ ព្រះវិញ្ញាណរបស់ទ្រង់បានចេញពីការសុគតរបស់ព្រះអង្គ (ម៉ាថាយ ២៧:៥០) ទៅនៅកន្លែងណាមួយក្នុងរយៈពេលបីថ្ងៃ។
លោកពេត្រុសបានផ្តល់ព័ត៌មានជាក់លាក់បន្តិចបន្តូចអំពីអ្វីដែលបានកើតឡើងនៅក្នុងរវាងបីថ្ងៃនៃការសុគត និងការរស់ឡើងវិញរបស់ព្រះយេស៊ូវ។ នៅក្នុងសំណៅបកប្រែគម្ពី KJV និយាយថា ព្រះយេស៊ូវបានយាងទៅ «បង្រៀន» ដល់ពួកវិញ្ញាណដែលជាប់ឃុំ (១ ពេត្រុស ៣:១៩)។ ពាក្យជាភាសាក្រិក ប្រើក្នុងន័យថា ព្រះយេស៊ូវបាន «ប្រកាសព្រះបន្ទូល» នៅក្នុងសំណៅបកប្រែគម្ពីរ NIV ប្រែថា «បានធ្វើការប្រកាស»។ ព្រះយេស៊ូវបានរងទុក្ខ ហើយសុគតនៅលើឈើឆ្កាង រូបកាយរបស់ទ្រង់ត្រូវបានសម្លាប់។ ប៉ុន្តែ វិញ្ញាណរបស់ទ្រង់នៅរស់ ហើយព្រះអង្គបានប្រគល់វិញ្ញាណរបស់ទ្រង់ដល់ព្រះវរបិតា (លូកា ២៣:៤៦)។ យោងតាមលោកពេត្រុសថាក្នុងអំឡុងពេលការសុគត និងការរស់ឡើងវិញរបស់ព្រះយេស៊ូវ ព្រះអង្គបានធ្វើការប្រកាសពិសេសដល់ពួកវិញ្ញាណដែលជាប់ឃុំ។
តើពួកវិញ្ញាណជាប់ឃុំទាំងនេះ ដែលព្រះយេស៊ូវមានបន្ទូលក្នុងអំឡុងពេលការសុគត និងការរស់ឡើងវិញរបស់ព្រះអង្គនៅឯណា? នៅក្នុងព្រះគម្ពីរគ្មានកន្លែងណាមួយ ដែលប្រាប់យើងថា ព្រះយេស៊ូវយាងទៅស្ថាននរកឡើយ។ គំនិតដែលថា ព្រះយេស៊ូវយាងទៅស្ថាននរក ដើម្បីទៅបន្តទទួលការឈឺចាប់របស់ទ្រង់ មិនស្រប់តាមព្រះគម្ពីរទេ ការឈឺចាប់របស់ព្រះអង្គបានបញ្ចប់ នៅពេលទ្រង់មានបន្ទូលថា «ការស្រេចហើយ» នៅលើឈើឆ្កាង (យ៉ូហាន ១៩:៣០)។ នៅក្នុង សំណៅបកប្រែរបស់ The New American Standard Bible និយាយថា ព្រះយេស៊ូវយាងទៅ «ស្ថានឃុំព្រលឹងមនុស្សស្លាប់» (កិច្ចការ ២:៣១)។ ប៉ុន្តែ ស្ថានឃុំព្រលឹងមនុស្សស្លាប់មិនមែនជាស្ថាននរកទេ។ ស្ថានឃុំព្រលឹងមនុស្សស្លាប់ គឺជាពាក្យដែលសំដៅទៅលើភាពទូលំទូលាយ ទៅលើកន្លែងរបស់មនុស្សស្លាប់ កន្លែងបណ្ដោះអាសន្ន ដែលមនុស្សស្លាប់រង់ចាំការរស់ឡើងវិញ។ វិវរណៈ ២០:១១-១៥ នៅក្នុង សំណៅបកប្រែ NASB និង NIV បានបញ្ជាក់យ៉ាងច្បាស់ ពីភាពខុស គ្នារវាងស្ថានឃុំព្រលឹង មនុស្សស្លាប់ និងបឹងភ្លើង។ បឹងភ្លើង គឺជាកន្លែងជំនុំជម្រះសម្រាប់មនុស្សបាត់បង់អស់កល្ប។ ស្ថាន ឃុំព្រះលឹងមនុស្សស្លាប់គឺជាកន្លែងបណ្ដោះអាសន្ន សម្រាប់ ទាំងអ្នកបាត់បង់ និងពួកបរិសុទ្ធនៅក្នុងព្រះគម្ពីរសញ្ញាចាស់។
ព្រះអម្ចាស់យេស៊ូវរបស់យើងបានប្រគល់វិញ្ញាណរបស់ទ្រង់ដល់ព្រះវរបិតា បានសុគតខាងសាច់ឈាម និងបានចូលទៅក្នុងស្ថានសួគ៌ ដូចដែលព្រះអង្គបានសន្យាជាមួយចោរម្នាក់នៅលើឈើឆ្កាង (លូកា ២៣:៤៣)។ នៅក្នុងគ្រាណាមួយ ក្នុងអំឡុងពេលនៃការសុគត និងការរស់ឡើងវិញរបស់ព្រះអង្គ ព្រះយេស៊ូវក៏បានយាងទៅកន្លែងមួយ ជាកន្លែងដែលព្រះបានប្រកាសប្រាប់ពួកវិញ្ញាណ ប្រហែលជាពួកទេវតាដែលបានធ្លាក់ចុះ (សូមមើលក្នុង យូដាស ១:៦)។ ពួកវិញ្ញាណទាំងនេះប្រហែលជាជាប់ឃុំ ដោយសារពួកគេបានចូលរួមជាមួយនឹងការធ្វើបាបដ៏ធ្ងន់មុនសម័យទឹកជំនន់របស់លោកណូអេ (១ ពេត្រុស ៣:២០)។ លោកពេត្រុសមិនបានប្រាប់យើងពីអ្វីដែលព្រះយេស៊ូវបានប្រកាសទៅដល់ពួកវិញ្ញាណដែលជាប់ឃុំទេ ប៉ុន្តែ វាក៏ប្រហែលជាមិនមែនសារនៃការប្រោសលោះដែរ ព្រោះពួកទេវតាមិនអាចបានសង្គ្រោះទេ (ហេព្រើរ ២:១៦)។ អ្វីដែលព្រះយេស៊ូវបានប្រកាសគឺប្រហែលជាប្រកាសពីជ័យជម្នះរបស់ទ្រង់លើសាតាំង និងពួកពលបរិវាររបស់វា (១ ពេត្រុស ៣:២២; កូឡូស ២:១៥)។
អេភេសូរ ៤:៨-១០ អាចផ្តល់សញ្ញាទាក់ទងនឹងសកកម្មភាពរបស់ព្រះយេស៊ូវនៅក្នុងរវាងបីថ្ងៃនៃការសុគត និងរស់ឡើងវិញរបស់ទ្រង់។ ការដកស្រង់នៅក្នុងគម្ពីរទំនុកតម្កើង ៦៨:១៨ លោកប៉ុលមានប្រសាសន៍អំពីព្រះគ្រីស្ទថា៖ «ដែលបានយាងឡើងទៅស្ថានខ្ពស់ នោះទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស» (អេភេសូរ ៤:៨)។ នៅក្នុងសំណៅបកប្រែរបស់ ESV បានសរសរថាព្រះគ្រីស្ទ «នាំពួកបរិវារដែលជាប់ជាឈ្លើយ»។ នេះអាចសំដៅលើព្រឹត្តការណ៍មួយដែលមិនបានរៀបរាប់នៅក្នុងបទគម្ពីរ កន្លែងណាមួយឡើយ ដូចជាថា ព្រះយេស៊ូវបាននាំអ្នកដែលប្រោសលោះ ដែលនៅក្នុងស្ថានសួគ៌ ហើយយកពួកគេ ទៅរស់នៅកន្លែងមួយអស់កល្បនៅស្ថានសួគ៌។ គឺអ្នកដែលបានរក្សាសេចក្តីសង្គ្រោះរបស់ពួកគេនៅលើឈើឆ្កាង ព្រះយេស៊ូវបាននាំលោកអ័ប្រាហាំ ស្តេចដាវីឌ លោកយ៉ូស្វេ លោកដានីយ៉ែល លោកឡាសាដែលជាអ្នកសុំទាន ចោរដែលនៅលើឈើឆ្កាង ហើយនិងមនុស្សគ្រប់គ្នាដែលបានសុចរិតដោយសារជំនឿកន្លងមក ហើយបាននាំពួកគេចេញពីស្ថានឃុំព្រលឹងមនុស្សស្លាប់ទៅនៅផ្ទះថ្មីខាងវិញ្ញាណរបស់ពួកគេ។
ទាំងអស់នេះ ដើម្បីបង្ហាញថា ព្រះគម្ពីរទាំងមូលមិនបានបញ្ជាក់ច្បាស់ពីអ្វីដែលព្រះគ្រីស្ទបានធ្វើក្នុងអំឡុងពេលសុគត និងរស់ឡើងវិញឡើយ។ អ្វីដែលយើងអាចប្រាប់បានគឺ ព្រះអង្គបានធ្វើការពីរៈ ព្រះអង្គបានទៅកម្សាន្តចិត្តដល់ពួកបរិសុទ្ធដែលបានចេញដំណើរ ហើយនាំពួកគេទៅផ្ទះដ៏នូវអស់កល្បរបស់ពួកគេ ហើយព្រះអង្គបានប្រកាសជ័យជម្នះរបស់ព្រះអង្គលើពួកទេវតាដែលបានធ្លាក់ចុះដែលបានរក្សាទុកនៅក្នុងទីឃុំឃាំង។ អ្វីដែលយើងអាចដឹងបានច្បាស់នោះគឺ ព្រះយេស៊ូវមិនបានផ្តល់ឱកាសនៃសេចក្តីសង្គ្រោះលើកទីពីរសម្រាប់នរណាឡើយ យើងជួបនឹងការជំនុំជម្រះបន្ទាប់ពីស្លាប់ (ហេព្រើរ ៩:២៧) មិនមានឱកាសទីពីរទេ។ ហើយ ព្រះយេស៊ូវក៏មិនបានរងទុក្ខនៅស្ថាននរកដែរ កិច្ចការនៃការប្រោសលោះរបស់ទ្រង់បានបញ្ចប់នៅលើឈើឆ្កាងរួចហើយ។
English
តើព្រះយេស៊ូវគង់នៅឯណាក្នុងអំឡុងពេលបីថ្ងៃនៃការសុគតនិងរស់ឡើងវិញរបស់ព្រះអង្គ?